ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម និងសហការីបានបន្តដំណើរម​ក ឃុំបឹងរវា​ស្រុកសន្ទុកមក​មើលកសិដ្ឋាន​ចិញ្ចឹមត្រី

ចេញពីក្រុងស្ទឹងសែន ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមអភិបាលខេត្តនិងសហការី បានបន្តដំណើរមកឃុំបឹងរវា ស្រុកសន្ទុក មកមើលកសិដ្ឋានចិញ្ចឹមត្រីទី២ របស់លោក អ៊ីវវណ្ណា ដដែល ដែលមានផ្ទៃដី ៧០ហត ហើយកំពុងត្រៀមប្រមូលផលត្រីឆ្ពិនក្នុងពេលឆាប់ៗ។មើលឃើញពីសក្តានុពលរបស់កសិដ្ឋានដោយសារទីតាំងអំណោយផល ប្រភពទឹកធម្មជាតិ និងជាពិសេសសក្តានុពលទីផ្សារ ឯកឧត្តមរដ្ឋមន្ត្រីបានជូនយោបល់ ឲ្យលោកអ៊ីវវណ្ណាគួរស្វែងរកដៃគូបរទេសដើម្បីបង្កើនទុនវិនិយោគ ក្នុងបំណងប្រើប្រាស់សក្តានុពលកសិដ្ឋាននេះ ឲ្យអស់សមត្ថភាពផលិតកម្មដល់ពេល នោះអាចឈានទៅធ្វើការនាំចេញ និងកែច្នៃតាមតម្រូវការទីផ្សារ។ជាថ្មីម្តងទៀតលោកបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលកសិដ្ឋានសម្រេចបាន ព្រោះវាប្រាកដជាបានចូលរួមអនុវត្តគោលនយោបាយអភិវឌ្ឍវារីវប្បកម្មរបស់ក្រសួង ក្នុងបំណងកាត់ បន្ថយការនាំចូល និងជួយរុញកំណើនសេដ្ឋកិច្ចជាតិ។ ហេតុផលនេះ រដ្ឋបាលជលផល និងមន្ទីរនឹងត្រៀមលក្ខណ:សម្បត្តិគ្រប់បែបយ៉ាងដើម្បីសហការលើការវិនិយោគវារីវប្បកម្មនេះ ហើយសូមអំពាវនាវដល់ក្រុមហ៊ុនផ្សេងៗគួរយកចិត្តទុកដាក់ និងចាប់អារម្មណ៍លើការវិនិយោគនេះ៕