ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំអន្តរក្រសួង ត្រៀមសម្រាប់ កិច្ចពិគ្រោះយោបល់ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២២ រវាងរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពី សំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងជាន់ខ្ពស់មកពីក្រសួងស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលចំនួន ២៣ ដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធអាល្លឺម៉ង់។គោលដៅ ចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សានិងឯកភាពទម្រង់ដំណើរការ និងរបៀបវារៈសម្រាប់កិច្ចប្រជុំ ពិគ្រោះ យោបល់ និងត្រៀមលើកសំណើគម្រោងសុំអនុវត្តបន្ត និង/ឬ សំណើគម្រោងថ្មីទៅកាន់ភាគីអាល្លឺម៉ង់ ។
ភាគីកម្ពុជា និងភាគីអាល្លឺម៉ង់បានឯកភាពលើការរៀបចំទម្រង់ និងរបៀបវារៈសម្រាប់កិច្ចប្រជុំពិគ្រោះ យោបល់ ឆ្នាំ២០២២ នាពេលខាងមុខ ដោយបែងចែកជា ២ កម្រិត ទី ១-ការពិភាក្សាតាមវិស័យ ដើម្បី ពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅ ក៏ដូចជាលទ្ធផលនៃការអនុវត្តន៍គម្រោងកន្លងមក និងការលើកសំណើគម្រោងថ្មី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២២ និង ២-ការពិភាក្សាកម្រិតនយោបាយ នាថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២២ ដើម្បីពិភាក្សាលើទិដ្ឋភាពនានា ដែល ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការកម្ពុជា-អាល្លឺម៉ង់ ។
កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-អាល្លឺម៉ង់ ផ្តោតចម្បងលើវិស័យអាទិភាពចំនួន៤ គឺ ១-សុខាភិបាល និងគាំពារសង្គម, ២- អភិវឌ្ឍន៍ជនបទ, ៣- អភិបាលកិច្ច និង ៤-ថាមពល និងអាកាសធាតុ ដែលមាន សង្គតិភាពយ៉ាងល្អប្រសើរទៅនឹងអាទិភាពជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងរបៀបវារៈឆ្នាំ២០៣០ របស់អាល្លឺម៉ង់ ។
គិតចាប់ពីឆ្នាំ១៩៩៤-២០២១ ភាគីអាល្លឺម៉ង់បានផ្តល់ហិរញ្ញប្បទានឥតសំណងទ្វេភាគី ប្រមាណ ៦៧០ លាន ដុល្លារអាមេរិក ស្មើនឹងប្រមាណ ២.៦% នៃទំហំហិរញ្ញប្បទានទាំងអស់ ដែលផ្ដល់ដោយដៃគូអភិវឌ្ឍន៍ មកកម្ពុជា ។ ទំហំហិរញ្ញប្បទាននេះមិនរាប់បញ្ចូលហិរញ្ញប្បទានសហប្រតិបត្តិការ ដែលភាគីអាល្លឺម៉ង់ផ្តល់ ដល់កម្ពុជាតាមរយៈគម្រោង ថ្នាក់តំបន់ និងសកល ព្រមទាំងតាមរយៈស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ, អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប ៕
0 comments:
Post a Comment