(ក្រុងសិរីសោភ័ណ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅវេលាម៉ោង ២០:០០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានធ្វើប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វូន ខុម ភេទប្រុស អាយុ២៦ឆ្នាំ ព្រមទាំងដកហូតវត្ថុតាំងថ្នាំញៀម៉្សៅក្រាមពណ៌សថ្លាចំនួន១កូនថង់កិប ទម្ងន់០,៧៣ក្រាម ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០២២ ពាក់ស្លាកលេខ សៀមរាប 2X-6781 និងសម្ភារ:មួយចំនួនទៀត ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា មុនពេលបង្រ្កាបករណីខាងលើនេះ នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ លោកបានដឹកនាំកម្លាំងចុះល្បាតការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ក្នុងភូមិសាស្ត្ររបស់ខ្លួន រហូតដល់វេលាម៉ោង២០:០០នាទី បានប្រទះឃើញបុរសម្នាក់គួរឱ្យសង្ស័យ ទើបកម្លាំងហៅមកសួរនាំ ហើយធ្វើការឆែកឆេរលើដងខ្លួនរកឃើញគ្រឿងញៀនតែម្ដង ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានប្រាប់ឱ្យដឹងទៀតថា ក្រោយពីកម្លាំងជំនាញសាកសួចម្លេីយរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានទិញគ្រឿងញៀនមកទុកលក់ផង និងប្រើប្រាស់ខ្លួនឯងផង ។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ ៕
0 comments:
Post a Comment