ភ្នំពេញ ៖ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មានបា នឱ្យដឹងថា ក្រសួងព័ត៌មាន បានរៀបចំមណ្ឌលព័ត៌មានមួយចែកចាយ រូបភាព និង វីដេអូមួយចំនួន ស្ដីពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ជូនដល់អ្នកសារព័ត៌មាន។ តាមរយៈ ការផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នាថ្ងៃទី៣១ខែកកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ផុស សុវណ្ណ បានបញ្ជាក់ថា អ្នកសារព័ត៌មានក៏អាចដោនឡូតយករូបភាព និង វីដេអូមួយចំនួននៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍បានផងដែរ។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា «យើងបានរៀបចំនៅទីតាំងទីនេះ មជ្ឈមណ្ឌលព័ត៌មានអន្តរជាតិមួយ ចាត់ចែងរូបភាព សំឡេង រូបថតដែលទទួលបានពីបន្ទប់ប្រជុំនីមួយៗ ដោយសារកិច្ចប្រជុំនេះ កន្លែងខ្លះមានលក្ខណៈចង្អៀតតូច ដោយសារការរក្សាគម្លាតសុវត្ថិភាព សម្រាប់វិធានការសុខាភិបាលផង ហើយម៉្យាងទៀតយើងគោរពទៅតាមពិធីការ របស់អាស៊ាន នៃការរៀបចំកិច្ចប្រជុំ ដោយកិច្ចប្រជុំខ្លះគេអនុញ្ញាតឱ្យមានកម្រិតកំណត់អ្នកសារព័ត៌មានទៅផ្ទាល់ យើងអាចបង្កើតនេះ ទីនេះដែលជាការសម្រួលរបស់យើង»។
បើតាម ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មាន គិតត្រឹមថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២២ មានអ្នកសារព័ត៌មានជាតិ-អន្តរជាតិ បានចុះ ឈ្មោះចូលរួមយកព័ត៌មាន ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ បានជាង៦០០នាក់ហើយ។ គួររំឭកថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្រព្រឹត្តទៅដោយផ្ទាល់ ចាប់ពីថ្ងៃទី ២៩ ខែកក្កដាដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ Asean 2022
0 comments:
Post a Comment