-->


Thursday, June 2, 2022

លោក ឃួង ស្រេង ដឹកនាំហែក្បួនយុទ្ធនាការបញ្ចប់ឃោសនារកសម្លេងឆ្នោតនៅរាជធានីភ្នំពេញ ដោយមានសមាជិក និងប្រជាពលរដ្ឋចូលរួមជាង៣ម៉ឺននាក់

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ គឺជាថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥។ សម្រាប់គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំដង្ហែក្បួនឃោសនាក្នុងរូបភាពទ្រង់ទ្រាយធំសម្បើមដែល មានប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់ស្រទាប់វណ្ណៈ និងសមាជិកបក្សចូលរួមប្រមាណជាង៣ម៉ឺននាក់។


ក្បួនឃោសនាដ៏ធំនេះដឹកនាំដោយលោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោកស្រី។ ក្បួនឃោសនាត្រូវបានរៀបចំនៅទីតាំងផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ដោយក្បាលក្បួននៅលើផ្លូវ៦០ម៉ែត្រ ចំណែកកន្ទុយក្បួននៅជិតស្ពានព្រែកជ្រៃ។

ក្បួនដង្ហែត្រូវបានធ្វើឡើងតាមមហាវិថី តិរៈវិថី និងផ្លូវសំខាន់ៗក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ជាមួយគ្នានេះ នៅតាមបណ្តាខណ្ឌទាំង១៤ខណ្ឌ ក៏បានដង្ហែក្បួនតាមមូលដ្ឋានរបស់ខ្លួនយ៉ាងកងរំពងដែលបង្ហាញឲ្យឃើញពីឋាមពលដ៏ខ្លាំងក្លារបស់គណបក្ស ប្រជាជនកម្ពុជា ក្នុងការដណ្តើមយកប្រៀបខ្លាំងប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃទី៥ ខែមិថុនានេះ។

ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានឲ្យដឹងថា នៅរាជធានីភ្នំពេញមានអ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការចំនួន ៨៩៩.៦៨៨នាក់, ចំនួនការរិយាល័យបោះឆ្នោតសរុបមាន ២.១៩៧, ចំនួនទីតាំងការិយាល័យបោះឆ្នោតមាន ២៦៥ទីតាំង, ចំនួនការិយាល័យសង់រោងតាមផ្លូវ ឬទីសាធារណៈមាន៦៨៩ការិយាល័យ, ចំនួនការិយាល័យទោលមានចំនួន៨សង្កាត់មាន១៩ការិយាល័យ។

គណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២ មានចំនួន១១គណបក្សសំរាប់ នៅរាជធានីភ្នំពេញ ក្នុងចំណោម១៧គណបក្ស ដែលបានចូលរួមបោះឆ្នោតនៅទូទាំងប្រទេស។

គណបក្សទាំង១១រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សភ្លើងទៀន, គណបក្សប្រជាធិបតេយ្យមូលដ្ឋានគណបក្សខ្មែររួបរួមជាតិ, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សឆន្ទះខ្មែរ, គណបក្សកម្ពុជាជាតិនិយម, គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរស្រឡាញ់ខ្មែរ។

ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតរយះពេល១៤ថ្ងៃកន្លងទៅ គេសង្កេតឃើញគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេនៅកម្ពុជា បានបើកយុទ្ធនាការឃោសនាតាមគ្រប់រូបភាព និងសម្បូរបែបដើម្បីបង្ហាញពីគោលនយោបាយរបស់គណបក្ស និងទិសដៅនៃគោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់ឆ្នាំ២០២២ និង២០២៧។

ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើជូនជនរួមជាតិកាលពីថ្ងៃទី២១ ខែឧសភា បានគូសបញ្ជាក់ថា ក្នុងរយៈពេល៤៣ឆ្នាំកន្លងទៅនេះ បន្ទាប់ពីបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនាថ្ងៃ៧ មករា ១៩៧៩មក គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិពុះពារឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់ មិនអស់ឲ្យឈានទៅមុខលើផ្លូវដ៏ត្រឹមត្រូវ ដែលឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នា របស់ប្រជាជនសម្រេចបានសមិទ្ធិផលយ៉ាងធំធេងលើគ្រប់វិស័យ។

បច្ចុប្បន្នប្រជាជនកម្ពុជា កំពុងរស់នៅយ៉ាងសុខសាន្តក្រោមម្លប់នៃសន្តិភាពក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន និងការឯកភាពជាតិហើយ រួមសាមគ្គីគ្នាជាធ្លុងមួយខិតខំអស់ពីកម្លាំងកាយចិត្តដើម្បី អភិវឌ្ឍន៍សង្គមជាតិ និងលើកស្ទួយជីវភាពរស់នៅរបស់ខ្លួន។ ដូច្នេះយើងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺទទួលបានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពសង្គមក៏ដូចសិទ្ធសេរីភាពក្នុងការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិតជាដើម៕

Share This
Author Image

About www.kampucheaacharyak.com

0 comments:

Post a Comment