-->


Thursday, April 9, 2020

អ្នករកស៊ីនៅព្រះសីហនុនឹងមានឱកាសធំ បើចេះក្តាប់ ក្រោយដីជិត២ពាន់ហិកតា ត្រូវបង្កើតជាតំបន់សេដ្ឋកិច្ច

ចំនួនអ្នកទស្សនា: Views

អ្នករកស៊ីនៅព្រះសីហនុនឹងមានឱកាសធំ បើចេះក្តាប់ ក្រោយដីជិត២ពាន់ហិកតា ត្រូវបង្កើតជាតំបន់សេដ្ឋកិច្ច
តម្លៃដីធ្លីកើនឡើងខ្លាំងនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពីព្រោះមានវត្តមានជនជាតិចិនមករស់នៅទឹកដីនេះច្រើន ជាពិសេសត្រូវប៉ាន់ខ្លាំងចំពោះអ្នកមានផ្ទះដាក់ជួល និងមានដីធ្លីធំៗ។ ជាអកុសល តំបន់នេះហាក់ស្រអាបមកវិញ ពីព្រោះតែរាជរដ្ឋាភិបាលមានច្បាប់ថ្មីយ៉ាងតឹងរឹងចំពោះអាជីវកម្មហ្គេមអនឡាញ ដែលជាប្រភពដ៏ធំក្នុងការរកចំណូលរបស់ជនជាតិចិន។
ការព្រួយបារម្ភ កង្វល់ ចំពោះអ្នករកស៊ីក្នុងទឹកដីពិតជាដល់ចំណុចមួយដែលពិបាកពណ៌នា ជាពិសេសគឺត្រូវប្រឈមមុខនឹងបញ្ហាជាច្រើន ពីព្រោះការរកស៊ី ជាមួយជនជាតិចិននេះ អ្នកខ្លះបានបណ្ដាក់ទុនដោយខ្ចីពីធនាគារជាដើម ដែលធ្វើឱ្យមានការរាំងស្ទះគួរឱ្យកត់សម្គាល់។
ទន្ទឹមនឹងការបិទអាជីវកម្មអនឡាញនេះ រាជរដ្ឋាភិបាលក៏ដូចជាប្រមុខដឹកនាំ ក៏បានស្វែងរកវិធីសាស្រ្តថ្មីៗជាច្រើន ដើម្បីស្រោចស្រង់ខេត្តនេះឱ្យបានឡើងវិញ ជាពិសេសអ្នករកស៊ីមធ្យមនិងតូចតែម្ដង ចំពោះអ្នកដែលវិនិយោគធំៗ គឺគេនៅតែបន្ដសកម្មភាពយ៉ាងមមាញឹកនៅឡើយ។
ជាក់ស្ដែងនៅថ្ងៃទី៧ តុលា ឆ្នាំ២០១៩ នេះក៏មានជំនួបពិសេសរវាងអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន ជាមួយនឹងក្រុមហ៊ុន ធនិន ថារិទ្ធ អ៉ីមផតអិចផត ខូអិលធីឌី និងក្រុមហ៊ុន Central Gain Cambodia Co,Ltd ដែលជាម្ចាស់ដីអចិន្ត្រៃយ៍ប្រមាណ ១.៦០០ហិកតា ស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ជំនួបរវាងលោកគួច ចំរើននិងក្រុមហ៊ុនទាំងពីរ ដើម្បីពិចារណាជុំវិញការសុំអនុញ្ញាតបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់អភិវឌ្ឍន៍ស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល។
កិច្ចប្រជុំមានការចូលរួមពីមន្ទីរដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី មន្ទីរឧស្សាហកម្ម និងថាមពល មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ការិយាល័យជំនាញរបស់សាលាខេត្តព្រះសីហនុ និងលោកអភិបាលស្រុកស្ទឹងហាវ ។តាមការធ្វើបទបង្ហាញរបស់មន្ទីរជំនាញទាំង៣ និងលោកអភិបាលស្រុកស្ទឹងហាវរួចមក ឯកឧត្តម គួច ចំរើន បានធ្វើការណែនាំឱ្យបង្កើតក្រុមការងារ ចុះសិក្សាស្រាវជ្រាវទីតាំងដីស្នើសុំធ្វើអនុបយោគរបស់ក្រុមហ៊ុនធនិន ថារិទ្ធ អ៊ីមផតអិចផត ខូអិលធីឌី ពាក់ព័ន្ធនឹងដីរបស់លោកស្រី ឡុង សាខន។
ជារួមមក ខេត្តព្រះសីហនុអាចនឹងមានឥទ្ធិពលទ្វេដង បើសិនការដាក់ស្នើតំបន់សេដ្ឋកិច្ចពិសេសនេះបានសម្រេច១០០% ពីព្រោះនាពេលថ្មីៗកន្លងមកនេះ ក៏មានការគាំទ្រឱ្យមានការបង្កើតតំំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ នៅលើផ្ទៃដីជាង៥៥ហិកតា នៅខេត្តព្រះសីហនុនេះផ្ទាល់៕
អត្ថបទដោយ៖ លោកចាងហ្វាង ប៊ុន សារ៉េត
Share This
Author Image

About www.kampucheaacharyak.com

0 comments:

Post a Comment