-->


Wednesday, November 6, 2024

លោកស្រី កាម៉ាឡា ហារីស ទទួលស្គាល់បរាជ័យ ហើយអបអរសាទរលោក ដូណាល់ ត្រាំ

ចំនួនអ្នកទស្សនា: Views

(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស បានសន្យាថានឹងបន្តប្រយុទ្ធតស៊ូ ដើម្បីឧត្តមគតិដែលបានជំរុញយុទ្ធនាការឃោសនាបោះឆ្នោត របស់លោកស្រី អំឡុងថ្លៃសុន្ទរកថាមួយទទួលស្គាល់បរាជ័យ និងទទួលស្គាល់ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី៦ ខែវិច្ឆិកា។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងទៅកាន់អ្នកគាំទ្រដែលមានអ្នកខ្លះសម្រក់ទឹកភ្នែកសោកស្ដាយផងនោះ នៅឯសាកលវិទ្យាល័យ Howard ក្នុងទីក្រុងវ៉ាស៊ីនតោន លោកស្រី ហារីស បានគូសបញ្ជាក់ដូច្នេះថា «ខណៈខ្ញុំទទួលស្គាល់បរាជ័យក្នុងការបោះឆ្នោត ខ្ញុំមិនបានបោះបង់ចោលការប្រយុទ្ធតស៊ូដែលបានជំរុញយុទ្ធនាការឃោសនាបោះឆ្នោត នេះនោះទេ»។ លោកស្រីបន្ថែមថានឹងបន្តតស៊ូដើម្បីសិទ្ធិសេរីភាពរបស់ស្ត្រី និងប្រឆាំងនឹងអំពើហិង្សាដោយកាំភ្លើង ហើយនឹងប្រយុទ្ធតស៊ូដើម្បីភាពថ្លៃថ្នូរដែល មនុស្សទាំងអស់គ្នាសមនឹងទទួលបាន។

បើតាមលោកស្រី ហារីស លោកស្រីផ្ទាល់ក៏បានហៅទូរស័ព្ទទៅកាន់លោក ដូណាល់ ត្រាំ ដើម្បីសម្ដែងការអបអរសាទរផងដែរ ហើយសន្យាថានឹងចូលរួមក្នុងការផ្ទេរ អំណាចដោយសន្តិវិធី។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ គឺជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤នេះ ដោយទទួលបាន សំឡេងអង្គបោះឆ្នោត ច្រើនជាងលោក លោកស្រី កាម៉ាឡា ហារីស។ តាមរយៈលទ្ធផលបោះឆ្នោត លោក ដូណាល់ ត្រាំ​ អាយុ៧៨ឆ្នាំ នឹងក្លាយជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក ​និងជាអាណត្តិ២របស់លោកផងដែរ។

តាមលទ្ធផលបោះឆ្នោតចេញផ្សាយដោយសារព័ត៌មាន CNN គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ត្រាំ ទទួលបានអង្គបោះឆ្នោត ២៩២ លើសពីចំនួន២៧០ ដែល លោក ត្រាំ ត្រូវការជាចាំបាច់ ដើម្បីជាប់ឆ្នោតជាប្រធានាធិបតី។ រីឯលោកស្រីវិញ ទទួលបានអង្គបោះឆ្នោត ២២៦។ ដោយឡែក បើគិតសំឡេងបោះឆ្នោតពី ប្រជាជនអាមេរិក ឬ Popular Vote លោក ត្រាំ ទទួលបានសន្លឹកឆ្នោត ៧២ ៣៤០ ៧៦២សំឡេង ហើយលោកស្រី ហារីស ទទួលបាន ៦៧ ៦៣៦ ០៥៣សំឡេង។

ប៉ុន្តែ បើតាមប្រព័ន្ធបោះឆ្នោតអាមេរិក ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីពិតប្រាកដ នឹងត្រូវនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដោយក្រុមអ្នកបោះឆ្នោតតំណាងទាំង ៥៣៨រូប នឹងត្រូវជួបជុំគ្នានៅតាម រដ្ឋធានី នៃរដ្ឋនីមួយៗរបស់ពួកគេ ដើម្បីទម្លាក់សន្លឹកឆ្នោតជ្រើសប្រធានាធិបតី និងអនុប្រធានាធិបតីដោយផ្ទាល់។ ជាទូទៅ អង្គបោះឆ្នោតទាំងនេះមានភារកិច្ចបោះឆ្នោតឱ្យបេក្ខជនតំណាងគណបក្ស របស់ខ្លួន តែអង្គបោះឆ្នោតដែលបោះឆ្នោតឱ្យបេក្ខជនបក្សដទៃវិញនោះ ក៏ធ្លាប់កើតមានផងដែរក្នុងប្រវត្តិសាស្ត្រ។

នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ សភាទាំង២របស់សហរដ្ឋអាមេរិក នឹងរាប់សន្លឹកឆ្នោតអង្គបោះឆ្នោត ហើយប្រកាសជាផ្លូវការនូវបេក្ខជនដែលជាប់ឆ្នោតជា ប្រធានាធិបតី។ ចំណែកឯ ពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥៕

Wednesday, October 23, 2024

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលស្វាគមន៍គណៈប្រតិភូនគរបាលប្រដាប់អាវុធនៃកងទ័ពរំដោះប្រជាជនចិន!

ចំនួនអ្នកទស្សនា: Views

ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ ផន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជូ គួរពីវ (ZHU Guobioa) អនុប្រធាននយោបាយកងកម្លាំងប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន អញ្ជើញមកជួបសម្តែងការគួរសម និងទស្សនកិច្ចនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងពេលដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក អញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីពិភាក្សាការងាររួច ភាគីទាំងពីរ បានធ្វើការជូនវត្ថុអនុស្សាវរីយ៍ឲ្យគ្នា និងអញ្ជើញពិសារអាហារសាមគ្គីរួមគ្នា ប្រកបដោយភាពស្និទស្នាល និងរីករាយបំផុត៕



















Tuesday, July 2, 2024

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអភិបាលខេត្តតាកែវថ្មី ពង្រឹងសមត្ថភាពមន្រ្តីផ្តល់សេវា ទាំងការទទួលខុសត្រូវ និងក្រមសីលធម៌

ចំនួនអ្នកទស្សនា: Views

ខេត្តតាកែវ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ថ្មី ត្រូវបន្តពង្រឹងសមត្ថភាពដល់មន្រ្តីផ្តល់សេវានៅថ្នាក់ក្រោមជាតិ ពិសេសមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ស្មៀនឃុំ សង្កាត់ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងសមត្ថកិច្ចនានានៅមូលដ្ឋាន ដើម្បីបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងខិតខំកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ រួមគ្នាដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមនានា នៅមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកប្រកាន់បក្សពួកគ្រួសារនិយម និងនិន្នាការនយោបាយ។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តតាកែវ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តណែនាំឱ្យរដ្ឋបាលខេត្តតាកែវ ត្រូវបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ការពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរជើងគោក បង្រ្កាបអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ការលាងសម្អាតប្រាក់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ រួមទាំងក្មេងទំនើង ការអនុវត្តគោលនយោបាយ “ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ការគ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការពង្រឹងការផ្តល់សេវាសាធារណៈតាមច្រកចេញចូលតែមួយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពង្រឹងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន និងការដោះស្រាយជម្លោះដីធ្លី ការដឹកនាំ ការគ្រប់គ្រង និងរបៀបរបបបំពេញការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍ណែនាំឱ្យរដ្ឋបាលខេត្តតាកែវ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ពង្រឹងវត្តមានមន្ត្រី និងខិតខំធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃខេត្តរបស់ខ្លួន និងជំរុញលើកទឹកចិត្តមន្ត្រី ឱ្យចូលរួមក្នុងការអភិវឌ្ឍសមត្ថភាព និងត្រូវពង្រឹងការដឹកនាំ ការគ្រប់គ្រង ការចាត់ចែង ការអនុវត្តមុខងារ ប្រើប្រាស់ធនធាននានាដែលបានផ្ទេរដើម្បីធានា ផ្តល់សេវាទាំងនោះ ជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងបរិយាបន្ន ជាពិសេស គឺពង្រឹងសមត្ថភាពមន្ត្រីជំនាញព័ត៌មានវិទ្យា និងឌីជីថល ដើម្បីឈោងចាប់យកបច្ចេកវិទ្យាទំនើបៗ ក្នុងការអនុវត្តការងារ ឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។ 

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា បានធ្វើរបាយការណ៍ជូនឯកឧត្តមអភិសន្តិបណ្ឌិត និងអង្គពិធីអំពីសមិទ្ធផលការងារសំខាន់ៗដែលរដ្ឋបាលខេត្តតាកែវ សម្រេចបានក្នុងអាណត្តិការងាររបស់ឯកឧត្តម នាពេលកន្លងមក ជាពិសេសការសម្រេចបានលទ្ធផលការងារជាវិជ្ជមានដល់ការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន រួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យនូវយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំប្រដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការបន្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ 

ចំណែកឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ថ្មី ក៏បានប្ដេជ្ញាចិត្តជំរុញការផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព និងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការប្រយុទ្ធប្រឆាំងគ្រឿងញៀន កាត់បន្ថយគ្រោះថ្នាកក់ចរាចរណ៍ ការកៀរគរអ្នកវិនិយោគអភិវឌ្ឍន៍ខេត្ត ការងារសប្បុរសធម៌ កសាងរៀបចំហេដ្ឋារចនាសម្ព័ន្ធខេត្ត និងការគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល និងគោរពរដ្ឋធម្មនុញ្ញ ជាតិ សាសនា និងព្រះមហាក្សត្រ៕

#សសុខា #SarSokha #កម្ពុជា #Cambodia






Tuesday, February 6, 2024

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យប្រុសស្រី១៤នាក់ បញ្ជូនទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន!

ចំនួនអ្នកទស្សនា: Views

 

ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យប្រុសស្រី សរុបចំនួន១៤នាក់ ទៅតុលាការជាបន្តបន្ទាប់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន ០៦ករណីផ្សេងគ្នា។

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង ០៦ករណីរួមមាន៖

*ករណីទី១៖ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង៉ែត សុភ័ក្រ្ត ភេទ ប្រុស អាយុ ៤២ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុច ផ្លូវលំ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌ​ពោធិ៏សែនជ័យ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន១៩កញ្ចប់, ឧបករណ៍សម្រាប់សេពគ្រឿងញៀនចំនួន០១ រួមនឹងសម្ភារមួយចំនួនទៀត។

*ករណីទី២៖ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០២នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុច បន្ទប់ជួលគ្មានលេខ ភូមិថ្មគោល១ និងចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិថ្មគោល៣ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនទាំង០២នាក់ រួមមាន៖ ១/ឈ្មោះ ជា ដារ៉ា ភេទប្រុស អាយុ ៤២ឆ្នាំ, ២/ឈ្មោះ ចាន់ សុភាព  ភេទ ប្រុស អាយុ ៤៦ឆ្នាំ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន០៦កញ្ចប់, ឧបករណ៍សម្រាប់សេពគ្រឿងញៀនចំនួន០១ រួមនឹងសម្ភារមួយចំនួនទៀត។

*ករណីទី៣៖ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យប្រុសស្រីចំនួន០៤នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុច បន្ទប់ជួលគ្មានលេខ ភូមិថ្មគោល១ និងចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិថ្មគោល៣ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនទាំង០៤នាក់ រួមមាន៖ ១/ឈ្មោះ ជឹម ស្រីលាភ ភេទស្រី  អាយុ ២៥ឆ្នាំ, ២/ឈ្មោះ គង់ រចនា   ភេទ ប្រុស អាយុ ២៨ឆ្នាំ, ៣/ឈ្មោះ ពេជ្រ សុវណ្ណរ៉ា ភេទ ប្រុស អាយុ ២៨ឆ្នាំ, ៤/ឈ្មោះ ជ័យ គុណថា ភេទប្រុស អាយុ ៣៦ឆ្នាំ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន១២កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត។

*ករណីទី៤៖ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឌិន ចាន់លាង ភេទប្រុស អាយុ៣៣ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចផ្លូវ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន១៣កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត។

*ករណីទី៥៖ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចបន្ទប់ជួលលេខ៥ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ជនទាំង០២នាក់ រួមមាន៖ ១.ឈ្មោះ សុខ វុធថា ភេទប្រុស អាយុ ២៩ឆ្នាំ, ២.ឈ្មោះ គឹម ពៅសុវណ្ណ ភេទប្រុស អាយុ ៤០ឆ្នាំ។ ចាប់យកវត្ថុតាង ឧបករណ៍សម្រាប់សេពគ្រឿងញៀនចំនួន០១ រួមនឹងសម្ភារមួយចំនួនទៀត។

*ករណីទី៦៖ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចដីឡូត៍ទុកចោល ផ្លូវ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ជនទាំង០៤នាក់ រួមមាន៖ ១-ឈ្មោះ រ៉ាត់  អាយុ៤២ឆ្នាំ, ២-ឈ្មោះ ឈិន ព្រឹក ភេទប្រុស អាយុ៣៧ឆ្នាំ, ៣-ឈ្មោះ នុត គីមហុង ភេទប្រុស អាយុ៣១ឆ្នាំ, ៤-ក្រិត ចាន់ដែន ភេទប្រុស អាយុ៣៤ឆ្នាំ។ ចាប់យកវត្ថុតាង ឧបករណ៍សម្រាប់សេពគ្រឿងញៀនចំនួន០២៕







Monday, February 5, 2024

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតសូមគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសចម្រើនជន្មាយុ!

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសារលិខិត សូមគោរពជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសគម្រប់ខួបជន្មាយុ៧៨ឆ្នាំ ឈានចូល ៧៩ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងឱកាសនៃទិវាដ៏មហាវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម ឧទ្ទិសបួងសួង ដល់គុណបុណ្យបារមី នៃវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចវិបុលសេនាភក្តី សូមប្រកបដោយសុខភាពល្អ បរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា មានសុភមង្គលក្នុងក្រុមគ្រួសារ និងបន្តសម្រេចបានជោគជ័យ គ្រប់ភារកិច្ចថ្មីៗបន្ថែមទៀត។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដ៏ស្មោះស្ម័គ្រចំពោះវីរភាពដ៏ឧដុង្គឧត្តមរបស់ សម្តេចវិបុលសេនាភក្តី ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើម និងប៉ិនប្រសប់ដោយបានចូលរួម ដឹកនាំប្រជាជាតិកម្ពុជា ក្នុងការកសាងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ឯកភាពជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា គុណព្រះរតនត្រ័យកែវទាំងបី សូមតាមជួយបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការ ពរជ័យជូនចំពោះ សម្តេចវិបុលសេនាភក្តី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ៕ 

Friday, February 2, 2024

ឯកឧត្តម រ័ត្ន ស្រ៊ាង សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អបរិបូរណ៍ និងឆាប់ជាសះស្បើយពីជំងឺ!

ចំនួនអ្នកទស្សនា: Views

 

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អបរិបូរណ៍ និងឆាប់ជាសះស្បើយពីជំងឺសូមសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឧត្តមភរិយាដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដួលក្នុងបន្ទប់សម្រាក ហើយត្រូវបានបញ្ជូនមកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត។

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារប្រោះព្រំនូវសព្ទ សាធុការពរជ័យគ្រប់ប្រការជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ឆាប់បានជាសះស្បើយពីជំងឺ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចកាលតែងតែប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងនាមជាមាតាមនុស្សធម៌ ជួយដោះស្រាយទុក្ខលំបាក ជូនប្រជាពលរដ្ឋជួបគ្រោះមហន្តរាយ អ្នកទីទ័លក្រ អ្នកផ្ទុកមេរោគអេដស៍ ក្រុមជនងាយរងគ្រោះ ស្ត្រី កុមារ ជនពិការ ជនចាស់ជរាគ្មានទីពឹង ដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះបានទាន់ពេលវេលា ដោយមិនរើសអើង និងមិនទុកនរណាម្នាក់ចោល ព្រមទាំងរួម ចំណែកលើកស្ទួយសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រីក្នុងសង្គម លើកកម្ពស់សីលធម៌ សង្គម និងតម្លៃស្ត្រី ដែលធ្វើឱ្យស្ត្រីកម្ពុជាមានឱកាស ចូលរួមគ្រប់សកម្មភាពសង្គម និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ជារៀងដរាបមក។

សូម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចអគ្គមហាសេនាបតីតេជោ ដែលជាឧត្តមស្វាមី ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Thursday, February 1, 2024

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកភេសជ្ជៈដែលទទួលបានពីសប្បុរសជន ដល់អង្គភាពចំណុះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ!

ចំនួនអ្នកទស្សនា: Views

នៅថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យក្រុមការងារធ្វើការបែងចែកភេសជ្ជៈ ដែលទទួលបានការឧបត្ថម្ភពីសប្បុរសជន ជូនដល់តំណាងតាមបណ្តាមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ក៏ដូចជាអង្គភាពចំណុះសម្រាប់យកទៅចែកជូនបន្តដល់ បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយម្នាក់ៗទទួលបានភេសជ្ជៈចំនួន ០១កេស ដូចៗគ្នា។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក អ៊ឹម សុផាន់ណារ៉េត ដែលមានចិត្តសប្បុរសឧបត្ថម្ភភេសជ្ជៈដល់ អាវុធហត្ថរាជធានីភ្នំពេញ នាពេលនេះ៕










Saturday, January 20, 2024

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកត្រីខកំប៉ុង ដែលទទួលបានពីសប្បុរសជន ដល់អង្គភាពចំណុះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងក្រុមការងារសង្កាត់ព្រែកកំពឹស!

ចំនួនអ្នកទស្សនា: Views

 

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យក្រុមការងារធ្វើការបែងចែកត្រីខកំប៉ុង ដែលទទួលបានការឧបត្ថម្ភពីសប្បុរសជន ជូនដល់តំណាងតាមបណ្តាមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ក៏ដូចជាអង្គភាពចំណុះ យកទៅចែកជូនបន្តដល់ បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយម្នាក់ៗទទួលបានត្រីខកំប៉ុង ចំនួន ០១យួរ ស្មើ១០កំប៉ុងដូចៗគ្នា និងបានផ្ដល់ជូននូវត្រីខកំប៉ុងក្នុង០១អង្គភាពចំនួន ០២កេស បន្ថែមទៀត សម្រាប់បម្រុងទុកក្នុងរោងបាយ ព្រមទាំងជូនដល់ក្រុមការងារមូលដ្ឋានសង្កាត់ព្រែកកំពឹស ត្រីខកំប៉ុងសរុបចំនួន ៣១កេស ផងដែរ៕