បាតុករ «សមុទ្រខ្មៅ» ឈាន​ដល់​ដំណាក់កាល​ទាមទារ​ ឱ្យ​មេដឹកនាំ​ហុងកុងចុះចេញ​ពីតំណែង

ហុងកុង ៖ ក្រុម​បាតុករ​អាវខ្មៅ​រាប់​ម៉ឺន​នាក់​បាន​ដង្ហែក្បួន​តាមដងផ្លូវ​នៅ​កណ្តាល​ក្រុង​ហុងកុង នា​ថ្ងៃ​ទី១៦ ខែមិថុនា ឆ្នាំ​២០១៩ ម្សិលមិញដើម្បី​ទាមទារ​ឱ្យមេដឹកនាំ​នៃ​តំបន់​រដ្ឋបាល​ពិសេស​នេះចុះចេញពី​តំណែង បន្ទាប់ពី​សេចក្តី​ព្រាងច្បាប់​ «បត្យាប័ន» ត្រូវ​បាន​ព្យួរ។ នេះបើតាមសារព័ត៌មាន Channel News Asia។

ក្រុមបាតុករក៏បានទាមទារឱ្យមានការដកចេញទាំងស្រុង ជាជាងការព្យួរច្បាប់ ដែលបានបង្កឱ្យមានការតវ៉ាដ៏ធំ នៅលើការភ័យខ្លាចថា វាអាចជំរុញឥទ្ធិពលរបស់ចិនកុម្មុយនិស្ត និងបំផ្លាញសិទ្ធិសេរីភាពនៅក្នុងទឹកដីហុងកុងនេះ។

ក្រុម​អ្នកតវ៉ា​បាន​កាន់ផ្កា និង​កាន់​បដា ដែល​សរសេរ​ថា «កុំបាញ់ យើងជា​អ្នក​ហុងកុង» ពោលគឺ​ពួកគេ​មានបំណង​ចង់បញ្ចៀស​មិនឱ្យ​មាន​អំពើ​ហិង្សា​កើតឡើង ដូចករណី​ប៉ូលិស​បាញ់​គ្រាប់កំាភ្លើង​ជ័រ និង​ឧស្ម័នបង្ហូរ​ទឹកភ្នែក​ទៅហ្វូងបាតុករ កាលពី​ថ្ងៃពុធកន្លង​ទៅ​ឡើយ។

កាលពី​ថ្ងៃសៅរ៍មេ​ដឹកនាំ​ហុងកុងដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង គឺ​លោកស្រី Carrie Lam បាន​ប្រកាស​ពន្យារពេល​អនុម័ត​សេចក្តី​ព្រាងច្បាប់​បត្យាប័ន ដែល​ជាច្បាប់​មួយ​អាច​អនុញ្ញាត​ឱ្យ​បញ្ជូន​មនុស្ស (អ្នកទោស) ទៅកាន់​ចិន​ដីគោក ដើម្បី​កាត់ទោស។ គម្រោង​បង្កើត​ច្បាប់​នេះ បាន​ធ្វើឱ្យ​មាន​ការ​រិះគន់​ថា នឹង​ប៉ះពាល់​ដល់​ច្បាប់​របស់​ហុងកុង និង​កិត្តិនាម​លើឆាក​អន្តរជាតិ​របស់ក្រុង​ដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ីមួយ​នេះ។

សូម​ជម្រាប​ថា ប្រជាពលរដ្ឋហុងកុង បានរៀបចំអ្វីដែលអ្នករៀបចំ បានហៅថា ជាការដង្ហែក្បួនធំបំផុត ចាប់តាំងពីការប្រគល់ទឹកដី ទៅឲ្យប្រទេសចិន កាលពីឆ្នាំ១៩៩៧ ដោយមានមនុស្សជិត២លាននាក់ចូលរួម៕