លោក ហ៊ុន ម៉ាណែត ៖ ការរីកចម្រើនរបស់ប្រទេសមួយ សំខាន់លើការវិនិយោគលើធនធានមនុស្ស

ខេត្តក្រចេះ ៖ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានថ្លែងបញ្ជាក់ថា “ការរីកចម្រើនរបស់ប្រទេសមួយសំខាន់លើការវិនិយោគ លើធនធានមនុស្សដែលជាវិស័យចម្បង នៅក្នុងការបង្កើតឱកាសនៃការអភិវឌ្ឍ។ យើងសម្រេចបានលទ្ធផលបានប៉ុណ្ណេះគឺជាមោទនភាពរបស់ខ្មែរដែលធ្វើបានដោយខ្លួនឯងដោយសារលទ្ធផលនៃការវិនិយោគធនធានមនុស្សតាំងពីឆ្នាំ១៨៨០។ យើងគួរតែមានមោទនភាពដែលប្រទេសយើងបានដើរមកដល់ពេលនេះ ហើយយុវជនមានឱកាសគ្រប់យ៉ាងដូចសព្វថ្ងៃនេះ”។

ការថ្លែងបញ្ជាក់បែបនេះបានធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង និងសញ្ញាបត្របច្ចេកទេស និងវិជា្ជជីវៈជូនដល់និស្សិតជ័យលាភី នៃវិទ្យាស្ថានអាស៊ីកម្ពុជាប្រមាណជាង៨០០នាក់ នៅក្រុងក្រចេះ ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩។

លោកបានបន្តថា ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍រីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ជាពិសេសដើម្បីចូលរួមទ្រទ្រង់និរន្តរភាព នៃកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត រាជរដ្ឋាភិបាលតែងបានកំណត់យក ការអភិវឌ្ឍធនធានមនុស្សជាកត្តាអាទិភាពចាំបាច់ ដែលត្រូវយកចិត្តទុកដាក់បន្តកែទម្រង់ទៅមុខ ដើម្បីធានាបាននូវធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពជំនាញ សម្រាប់ទីផ្សារការងារទាំងក្នុងវិស័យសាធារណៈ និងឯកជន ជាពិសេសក្នុង បរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី៤ ដែលនឹងនាំមកនូវទាំងកាលានុវត្តភាពសម្រាប់កំណើន និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។

លោកបានលើកឡើងថា និយាយពីឱកាសសម្រាប់យុវជន គឺមាន៣ចំណុច ទី១. គឺការស្គាល់ និងស្វែងយល់ពីឱកាស។ ទី២.ការចាប់យកនិងប្រើឱកាស និងទី៣. គឺការបង្កើតឱកាសដោយខ្លួនឯង។ យុវជនត្រូវសិក្សាស្វែងយល់ពីឱកាសដែលខ្លួនមាន គឺឱកាសសិក្សារៀនសូត្រ និងរស់នៅក្នុងសុខសន្តិភាព ប៉ុន្តែយុវជនត្រូវតែបង្កើនសមត្ថភាព និងប្រកួតប្រជែងដើម្បីទទួលបានឱកាស និងប្រើប្រាស់ឱកាសដែលខ្លួនមានឲ្យកាន់តែជោគជ័យដើម្បីគ្រប់គ្រងអនាគតយើង។ ឱកាសយើងមានហើយ ចំណេះដឹងយើងមានហើយ ប៉ុន្តែយើងត្រូវមានសីលធម៌ គុណធម៌ ផ្នត់គំនិតនៅក្នុងខ្លួនដើម្បីគួបផ្សំជាមួយចំណេះដឹងដើម្បីផ្សាភ្ជាប់ការរីកចម្រើនរបស់សង្គម៕